Romans 7

1បងប្អូនអើយ! ​ខ្ញុំ​សូម​និយាយ​ទៅ​កាន់​ពួក​អ្នក​ស្គាល់ក្រឹត្យវិន័យ​តើ​អ្នករាល់គ្នា​មិនដឹងទេអីថាក្រឹត្យវិន័យ​មាន​អំណាចលើមនុស្សម្នាក់នៅពេល​ដែល​គេ​មានជីវិតប៉ុណ្ណោះ? 2គឺស្ដ្រីរៀបការហើយ​ត្រូវ​នៅជាប់​ជាមួយ​ប្ដី​ដោយសារ​ក្រឹត្យវិន័យ​នៅពេល​ប្ដី​នោះ​មាន​ជីវិតនៅឡើយតែបើប្ដីស្លាប់​នោះ​នាង​បាន​រួចពីក្រឹត្យវិន័យ​ស្ដី​អំពីប្ដី​នោះ​ហើយ 3ដូច្នេះបើ​នាង​ទៅ​យកប្ដី​ម្នាក់​ទៀត​នៅពេល​ប្ដី​នៅ​រស់នៅឡើយ​នោះ​គេ​ហៅ​នាង​ថា​ស្ដ្រី​ផិតក្បត់ប៉ុន្ដែបើប្ដីស្លាប់​នោះ​នាង​បានរួចពីក្រឹត្យវិន័យ​ហើយ​ដូច្នេះ​ទោះបី​នាង​ទៅ​យកប្ដី​ម្នាក់​ទៀត​ក៏​នាងមិនមែនជា​ស្ដ្រី​ផិតក្បត់ដែរ 4ហេតុនេះបងប្អូនអើយ! ​អ្នករាល់គ្នាក៏​បាន​ស្លាប់​ខាងឯ​គម្ពីរវិន័យតាមរយៈរូបកាយ​របស់​ព្រះ​គ្រិស្ដ​រួច​ហើយ​គឺ​ដើម្បី​ឲ្យ​អ្នករាល់គ្នា​បាន​រួមជាមួយ​មនុស្ស​ម្នាក់​ទៀតដែល​បាន​រស់ពីស្លាប់​ឡើង​វិញ​ដើម្បី​ឲ្យ​យើង​បង្កើតផល​ថ្វាយ​ព្រះជាម្ចាស់ 5ព្រោះកាល​យើង​នៅខាងសាច់ឈាមនៅឡើយដោយសារគម្ពីរវិន័យ​សេចក្ដី​ប៉ងប្រាថ្នា​របស់​បាប​បាន​ធ្វើសកម្មភាពក្នុងអវយវៈទាំងឡាយ​របស់​យើង​ឲ្យ​បង្កើតផល​ជា​សេចក្ដី​ស្លាប់ 6ប៉ុន្ដែឥឡូវនេះ​យើង​បាន​រួចពីគម្ពីរវិន័យហើយ​ទាំង​បាន​ស្លាប់ខាងឯ​សេចក្ដី​ដែលឃុំឃាំង​យើង​ទុក​ដែរ​ដើម្បី​ឲ្យ​យើងបម្រើតាមរបៀបថ្មី​របស់​ព្រះវិញ្ញាណមិនមែន​តាម​របៀប​ចាស់​របស់​គម្ពីរវិន័យឡើយ 7តើយើង​និយាយ​យ៉ាង​ដូចម្ដេច? ​តើ​គម្ពីរវិន័យ​ជា​បាប? ​មិនមែនដូច្នោះទេព្រោះបើគ្មានគម្ពីរវិន័យ​នោះ​ខ្ញុំ​ក៏​មិនស្គាល់បាប​ដែរ​ដ្បិតបើក្រឹត្យវិន័យមិន​បាន​ចែងថាកុំលោភលន់​នោះ​ខ្ញុំ​ក៏​មិនស្គាល់​សេចក្ដី​លោភលន់​ជា​អ្វី​ដែរ 8ប៉ុន្ដែតាមរយៈបញ្ញត្ដិបាប​បាន​ឆ្លៀតឱកាស​ឲ្យ​មានសេចក្ដី​លោភ​លន់គ្រប់បែបយ៉ាងនៅក្នុងខ្ញុំដ្បិត​បើ​គ្មានក្រឹត្យវិន័យ​ទេ​បាប​ក៏​ស្លាប់​ដែរ។ 9កាលគ្មានគម្ពីរវិន័យនៅឡើយខ្ញុំមានជីវិតប៉ុន្ដែ​ពេល​មានបញ្ញត្ដិ
ខនេះមានន័យសម្រាយថា [កាលមុន ខ្ញុំស្គាល់ក្រិត្យវិន័យ ខ្ញុំមានជីវិត ប៉ុន្ដែពេលខ្ញុំយល់​អំពីបញ្ញត្ដិនៅ​ក្នុង​ក្រិត្យវិន័យ នោះខ្ញុំដឹងថាខ្ញុំមានបាប ហើយខ្ញុំត្រូវស្លាប់]
​នោះ​បាប​បាន​រស់​ឡើង​វិញ​រីឯ​ខ្ញុំ​បាន​ស្លាប់
10ហើយខ្ញុំ​ក៏​យល់​ឃើញ​ថាបញ្ញត្ដិដែលនាំមក​នូវ​ជីវិត​បែរជា​នាំមក​នូវ​សេចក្ដីស្លាប់​វិញ 11ព្រោះបាប​បាន​ឆ្លៀតឱកាសបញ្ឆោតខ្ញុំតាមរយៈបញ្ញត្ដិហើយ​ក៏​សម្លាប់ខ្ញុំតាមរយៈបញ្ញត្ដិនោះ 12ដូច្នេះគម្ពីរវិន័យបរិសុទ្ធរីឯបញ្ញត្ដិក៏បរិសុទ្ធល្អនិងសុចរិតដែរ 13តើសេចក្ដី​ល្អទាំងនេះ​ធ្វើ​ឲ្យខ្ញុំស្លាប់? ​មិនមែនដូច្នោះទេ! ​គឺបាប​ទេតើ​ដែល​ធ្វើ​ឲ្យ​ខ្ញុំស្លាប់ដោយសារសេចក្ដី​ល្អ​ទាំងនេះដើម្បីបង្ហាញថា​បាប​គឺ​ជា​បាប​ហើយ​ដោយសារបញ្ញត្ដិ​ទាំងនេះ​បាប​បាន​ត្រលប់ជាកាន់តែ​ធ្ងន់​ឡើង​ 14ដ្បិតយើង​ដឹងថាគម្ពីរវិន័យត្រូវ​ខាង​វិញ្ញាណរីឯខ្ញុំជា​មនុស្ស​ខាង​សាច់​ឈាម​ដែល​ត្រូវ​បាន​លក់​ឲ្យ​នៅក្រោម​អំណាច​របស់​បាប 15ហេតុនេះហើយ​ខ្ញុំ​មិនយល់អំពី​ការ​ប្រព្រឹត្ដិ​របស់​ខ្ញុំទេដ្បិត​ខ្ញុំ​មិន​បាន​ធ្វើ​អ្វី​តាមដែល​ខ្ញុំ​ចង់​ធ្វើ​ឡើយបែរជាធ្វើ​អ្វី​ដែល​ខ្ញុំ​ស្អប់​ទៅ​វិញ 16ដូច្នេះបើ​ខ្ញុំ​ធ្វើ​អ្វី​ដែល​ខ្ញុំ​មិនចង់ធ្វើ​នោះ​ខ្ញុំ​យល់ព្រមថាគម្ពីរវិន័យល្អមែន 17ព្រោះមិនមែន​ជា​ខ្ញុំទេ​ដែល​ធ្វើកិច្ចការនោះគឺបាបនៅក្នុងខ្ញុំទេតើ​ដែល​ធ្វើ។ 18ខ្ញុំដឹងថាគ្មាន​អ្វី​ល្អនៅក្នុងខ្ញុំទេគឺនៅក្នុងសាច់ឈាម​របស់​ខ្ញុំនេះព្រោះខ្ញុំមាន​បំណង​ចង់​ធ្វើ​ល្អប៉ុន្ដែធ្វើមិនបាន 19ខ្ញុំមិន​ធ្វើ​កិច្ចការ​ល្អដែល​ខ្ញុំ​ចង់ធ្វើទេ​ខ្ញុំ​បែរជា​ធ្វើកិច្ចការអាក្រក់ដែល​ខ្ញុំ​មិន​ចង់​ធ្វើ​ទៅ​វិញ។ 20ដូច្នេះបើខ្ញុំធ្វើកិច្ចការដែល​ខ្ញុំ​មិន​ចង់​ធ្វើ​នោះ​មិនមែន​ជា​ខ្ញុំទេ​ដែល​ធ្វើកិច្ចការនោះគឺបាបនៅក្នុងខ្ញុំទេ​ជា​អ្នក​ធ្វើ។ 21ហេតុនេះខ្ញុំ​រកឃើញគោលការណ៍មួយគឺ​នៅ​ពេល​ខ្ញុំចង់ធ្វើ​ការ​ល្អ​នោះ​សេចក្ដី​អាក្រក់​ក៏​ចេះតែ​នៅ​ជាមួយ​ខ្ញុំជានិច្ច 22ដ្បិតមនុស្សខាងក្នុង​របស់​ខ្ញុំ​ពេញចិត្តនឹងក្រឹត្យវិន័យ​របស់​ព្រះជាម្ចាស់​ណាស់ 23ប៉ុន្ដែខ្ញុំ​ឃើញគោលការណ៍មួយទៀតនៅក្នុងអវយវៈ​ទាំងឡាយ​ក្នុង​រូបកាយ​របស់​ខ្ញុំ​ដែល​កំពុង​ច្បាំងទាស់​នឹង​គោលការណ៍​នៃ​គំនិត​របស់​ខ្ញុំហើយធ្វើ​ឲ្យ​ខ្ញុំ​ត្រលប់ជា​ឈ្លើយ​របស់​គោលការណ៍​នៃ​បាបដែលមានក្នុងអវយវៈទាំងឡាយ​របស់​ខ្ញុំ 24ខ្ញុំជាមនុស្សវេទនាណាស់​តើ​អ្នកណា​អាច​ជួយខ្ញុំ​ឲ្យ​រួចពីរូបកាយ​នៃ​សេចក្ដីស្លាប់នេះ​បាន? 25សូមអរព្រះគុណព្រះជាម្ចាស់តាមរយៈ​ព្រះ​យេស៊ូគ្រិស្ដជាព្រះអម្ចាស់​របស់​យើងដូច្នេះខាងគំនិត​របស់​ខ្ញុំ​ខ្ញុំបម្រើក្រឹត្យវិន័យ​របស់​ព្រះជាម្ចាស់​ឯ​ខាងសាច់ឈាម​របស់​ខ្ញុំ​ខ្ញុំ​បម្រើ​គោលការណ៍​របស់​បាប
Copyright information for KhmKCB